បច្ចុប្បន្នកញ្ញា ប៊ុនស្រីម៉ុច ជាមន្រ្តីនៃការិយាល័យនីតិកម្ម វិវាទនិងសហប្រត្តិបត្តិការអន្តរជាតិនៃក្រសួងបរិស្ថាននិងជាបេក្ខនារីដែលបានជាប់ក្នុងកម្មវិធី «ការផ្តួចផ្តើមអ្នកដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍(YSEALI)»ក្រោមប្រធានបទ “និរន្តរភាពបរិស្ថាន” រយៈពេលប្រាំអាទិត្យកន្លះគឺចាប់ពីថ្ងៃទី៦ខែតុលា ដល់ថ្ងៃទី១៣ខែវិច្ឆិកា កន្លងទៅនេះ ដោយកញ្ញាបានធ្វើដំណើរទៅកាន់រដ្ឋឡូសអេនជេឡេស និង វ៉ាស៊ីនតោន ឌីស៊ី ក្នុងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ផងដែរថា សម្រាប់កម្មវិធីក្នុងផ្នែកបរិស្ថាននេះគឺមានបេក្ខភាពតែពីររូបប៉ុណ្ណោះពីប្រទេសកម្ពុជា ដោយគេជ្រើសរើសយកអ្នកដែលមានជំនាញ និងបទពិសោធន៍ការងារបរិស្ថានឬការងារសង្គមយ៉ាងតិច២ឆ្នាំ ក្រោមប្រធានបទដែលទាក់ទង។ ហើយកញ្ញាបានប្រលងជាប់ក្នុងកម្មវិធីYSEALIProfessional Fellows ។
ជាអតីតនិស្សិតផ្នែកសេដ្ឋកិច្ចព័ត៌មានវិទ្យានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ស្រីម៉ុចបានបញ្ចប់ការសិក្សានៅឆ្នាំ២០១០។ក្រោយមក កញ្ញាបានចូលធ្វើការងារស្ម័គ្រចិត្តនៅក្រសួងបរិស្ថាន។ កន្លងផុតទៅមិនយូរប៉ុន្មានកញ្ញាក៏ចាប់ផ្តើមដុះចិត្តស្រឡាញ់ការងារដែលទាក់ទងនឹងបរិស្ថាន។ ចាប់តាំងពីពេលនោះមក កញ្ញាបានចូលបម្រើការងារនៅក្រសួងបរិស្ថានក្នុងផ្នែកនាយកដ្ឋានវាយតម្លៃផ្នែកប៉ះពាល់បរិស្ថាន ហើយក្នុងពេលឆាប់ៗខាងមុខនេះ កញ្ញានឹងចេញទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកបរិស្ថាននៅប្រទេសអូស្រ្តាលី ផងដែរ។
កញ្ញាបានស្គាល់កម្មវិធី YSEALIនេះតាមរយៈស្ថានទូតអាមេរិក ព្រោះកញ្ញាជាមន្ត្រីមួយរូបក្នុងក្រសួងបរិស្ថានដែលជារឿយៗត្រូវចូលរួមកម្មវិធី LMI (Lower Mekong Initiative) ចាត់តាំងដោយក្រសួង ទៅសិក្សាពីការនិយាយជាសាធារណៈ និងការធ្វើបទបង្ហាញដែលមានលក្ខណៈជាផ្លូវការនៅទីនោះរហូតបានស្គាល់កម្មវិធីនេះ ហើយក៏សម្រេចចិត្តប្រលងចូល។ នេះជាលើកដំបូងរបស់កញ្ញា ដែលបានចូលរួមក្នុងកម្មវិធីYSEALI ដោយកញ្ញាបានបញ្ជាក់ថា៖ «ខ្ញុំស្គាល់កម្មវីធីនេះនៅក្នុងខែមេសា ហើយខ្ញុំក៏ដាក់ពាក្យប្រឡងទៅហើយថ្ងៃដែលប្រឡងនោះគឺលឿនមែនទែន តែខ្ញុំនៅតែអាចធ្វើបាន»។
កញ្ញាបានពោលថា៖ «ខ្ញុំចង់ទៅរៀនពីប្រទេសអាមេរិក អំពីការថែទាំបរិស្ថាន ព្រោះសហរដ្ឋអាមេរិកគឺជាប្រទេសដែលរីកចម្រើនខ្លាំងមិនថាផ្នែកអប់រំ ឬ សេដ្ឋកិច្ចឡើយ។មួយវិញទៀត គ្រាន់តែឮប្រធានបទ និរន្តភាពបរិស្ថាន ខ្ញុំក៏ចង់ទៅរៀនហើយក៏ដាក់ពាក្យប្រឡងទៅ»។
គន្លឹះសំខាន់ៗក្នុងការប្រឡងចូលក្នុងកម្មវិធីYSEALI
កញ្ញា ប៊ុនស្រីម៉ុចបានបង្ហើបថា ជាទូទៅ កម្មវិធីនេះមានការដាក់ពាក្យតាមរយៈអនឡាញ លើគេហទំព័រ youngsoutheastasianleaders.state.gov ដែលមានន័យថាបេក្ខជនទាំងអស់ត្រូវចុះឈ្មោះធ្វើជាសមាជិករបស់ YSEALI ជាមុនសិន។ នៅពេលដែលមានកម្មវិធីអ្វីថ្មី គឺសមាជិកទាំងអស់នឹងទទួលបានអ៊ីម៉ែលពីខាងកម្មវិធី។
សំខាន់មួយទៀតគឺត្រូវចេះភាសាអង់គ្លេសអោយបានល្អទាំងការនិយាយ ស្តាប់ សរសេរ ពីព្រោះថានឹងមានវគ្គសំភាសន៍ផ្ទាល់មាត់។ ហើយម្យ៉ាងទៀតនៅពេលដែលទៅសហរដ្ឋអាមេរិកគឺបេក្ខជនត្រូវទំនាក់ទំនងជាមួយគ្នាជាភាសាអង់គ្លេសដូចនេះហើយភាសាអង់គ្លេសពិតជាសំខាន់ណាស់។
ជាងនេះទៅទៀតនៅក្នុងកម្មវិធីនេះគឺគេចង់បានបេក្ខជនដែលមានភាពជាអ្នកដឹកនាំនៅក្នុងខ្លួនអ្នកដែលធ្វើការងារសង្គមច្រើន និង ជាមនុស្សដែលមានភាពរហ័សរហួន ចេះបទបែនតាមកាលៈទេសៈព្រមទាំងមានសមត្ថភាពផងដែរ។ ហើយអ្វីដែលសំខាន់នោះគឺថា បេក្ខជនត្រូវដឹងថា ខ្លួនឯងចង់ធ្វើអ្វី ចង់រៀនអ្វី និងសង្ឃឹមថារៀនអ្វីពីកម្មវិធីនេះ និង ចេះរៀបចំគម្រោងអោយបានច្បាស់លាស់។
ចុងក្រោយសម្រាប់ការសំភាសន៍នៅក្នុងកម្មវិធីនេះគឺត្រូវនិយាយអោយច្បាស់លាស់ មានជំនឿជាក់ និងបង្ហាញប្រាប់គេពីបទពិសោធន៍ការងាររបស់យើងដែលធ្លាប់ធ្វើ ទាក់ទងទៅនឹងការងារសង្គមព្រមទាំងរួមបញ្ចូលភាពជាអ្នកដឹកនាំរបស់យើងដែលទាក់ទងនឹងប្រធានបទដែលយើងដាក់។
ស្រីម៉ុច បានទៅរដ្ឋកាលីហ្វញ៉ាក្នុងទីក្រុងមួយឈ្មោះថាហឺម៉ូសា (Hermosa) ដោយនៅទីនោះកញ្ញាបាន ស្វែងយល់អំពី របៀបរៀបចំទីក្រុង។ កញ្ញាបានបន្តថា៖ «ខ្ញុំបានទៅដល់ផ្ទះប្រជាជនគេនៅទីនោះ ហើយក៏បានធ្វើការសំភាសន៍ពួកគេទាក់ទងនឹងការរស់នៅនិងសួរថាតើពួកគេគិតគូរដល់បរិស្ថានយ៉ាងម៉េច ការទុកដាក់សំរាមផ្សេងៗ ឬ រឿងថាមពលសូឡាជាដើម»។
កញ្ញាក៏បានលើកឡើងថាមុនពេលដែលកញ្ញាទៅទីនោះ គេក៏បានឲ្យកញ្ញារៀបចំគម្រោងផ្នែកបរិស្ថានដែលកញ្ញាចង់ស្វែងយល់បន្ថែម។ សម្រាប់កញ្ញា គឺចង់ស្វែងយល់ពីរបៀបនៃការទុកដាក់កាកសំណល់ផ្ទះបាយរបស់ប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិក។ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា ប្រជាពលរដ្ឋមិនសូវខ្វល់ពីការគ្រប់គ្រងកាកសំណល់ផ្ទះបាយទេដូចនេះហើយទើបកញ្ញាចង់ដឹងពីបញ្ហានេះ ហើយធ្វើយ៉ាងណាទើបមានប្រសិទ្ធិភាពសម្រាប់យកមកអនុវត្តនៅស្រុកខ្មែរ។
អ្វីទៅជាYSEALI ?
គម្រោង YSEALI( Young Southeast Asian Leaders Initiative)ដែលមានឈ្មោះជាភាសាខ្មែរថា «ការផ្តួចផ្តើមអ្នកដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍(YSEALI)»គឺជាគំរោង ដែលបានបង្កើតនៅក្នុងឆ្នាំ ២០១៣ដោយលោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ាដើម្បីជួយដល់យុវជនដូចជារូបអ្នកដែលគិតអំពីការអភិវឌ្ឍសេដ្ឋកិច្ចការការពារបរិស្ថាន ការអប់រំនិងការចូលរួមរបស់ពលរដ្ឋក្នុងតំបន់អាស៊ីអាគ្នេយ៍។ កម្មវិធីនេះមានគោលបំណងពង្រឹងការអភិវឌ្ឍភាពជាអ្នកដឹកនាំនៅក្នុងតំបន់អាស៊ានធ្វើអោយមានការចូលរួមកាន់តែស៊ីជម្រៅពីសំណាក់អ្នកដឹកនាំយុវជនលើបញ្ហាប្រឈមសំខាន់ៗក្នុងតំបន់និងពិភពលោកនិងពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងមេដឹកនាំអាស៊ីអាគ្នេយ៍វ័យក្មេងដោយផ្ទាល់។គម្រោង YSEALIរួមមានកម្មវិធីដូចខាងក្រោមនេះ៖
កម្មវិធី YSEALI Fellows ផ្តល់ឱកាសដល់និស្សិតនិងអ្នកជំនាញវ័យក្មេងធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីអាចអោយពួកគេមានចំណេះដឹងកាន់តែច្រើនអំពីបញ្ហាក្នុងតំបន់ និងបានចែករំលែកបទពិសោធន៍របស់ពួកគេ។កម្មវិធីនេះត្រូវបានបែងចែកជាពីរ៖
- YSEALI AcademicFellows: សម្រាប់និស្សិតដែលមានអាយុពី ១៨ ដល់២៥ឆ្នាំ ដោយ ពួកគេនឹងបានចូលរួមសកម្មភាពនៅសាកលវិទ្យាល័យសហរដ្ឋអាមេរិក ដើម្បីបង្កើនចំណេះដឹងរបស់ពួកគេអំពីបញ្ហាតំបន់និងបានចែករំលែកបទពិសោធន៍និងទស្សនៈវិស័យរបស់ពួកគេ។
- YSEALI ProfessionalFellows: សម្រាប់អ្នកជំនាញវ័យក្មេងដែលមានអាយុ ពី២៥ ដល់៣៥ ឆ្នាំដោយពួកគេនឹងចូលរួមរយៈពេលពេញមួយខែជាមួយអង្គការដែលមានទីតាំងនៅសហរដ្ឋអាមេរិកដើម្បីបង្កើនជំនាញជាក់ស្តែង ជំនាញភាពជាអ្នកដឹកនាំនិងមានទំនាក់ទំនងជាលក្ខណៈវិជ្ជាជីវៈ ជាមួយអង្គការទាំងនោះដើម្បីដោះស្រាយបញ្ហានៅក្នុងសហគមន៍របស់ពួកគេ។
ជាចុងក្រោយ កញ្ញា ប៊ុនស្រីម៉ុច បានផ្តាំផ្ញើទៅយុវជនទាំងអស់ថា ត្រូវតែមានភាពជឿជាក់លើខ្លួនឯងមានការខិតខំប្រឹងប្រែង និងស្រឡាញ់អ្វីដែលយើងធ្វើព្រមទាំងព្យាយាមយល់ពីខ្លួនឯងអោយបានច្បាស់ ដូចនេះយើងនឹងដឹងថាខ្លួនឯងចង់បានអ្វី ទើបយើងអាចធ្វើការងារដែលយើងស្រឡាញ់នោះបានល្អ៕
អត្ថបទដោយ ចាន់ ជីវា